សព្វថ្ងៃនេះវាមានការលំបាកខ្លាំងណាស់សម្រាប់ការងារអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា។
ស្វែងរកយុត្តិធម៌នៅកម្ពុជា រៀបរាប់អំពីរឿងរ៉ាវដ៏មានឥទ្ធិពលរបស់ស្ថាបនិកដំបូងនៃអង្គការសិទ្ធិមនុស្សកម្ពុជានិងមេដឹកនាំជំនាន់ក្រោយដែលពួកគេទាំងអស់គ្នាបានតស៊ូដោយមិនខ្លាចនឿយហត់និងដោយមានការជឿជាក់ខ្ពស់ដើម្បីទទួលបាននូវយុត្តិធម៌និងសិទ្ធិមនុស្សសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
លោកស្រី ស៊ូ ខូហ្វហ្វី បានសម្រេចចិត្តចងក្រងសៀវភៅនេះបន្ទាប់ពីគាត់បានចំណាយពេលធ្វើការនៅប្រទេសកម្ពុជាក្នុងនាមជាអ្នកធ្វើការស្ម័គ្រចិត្តរដ្ឋាភិបាលអូស្ត្រាលី។ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញនៅពេលនោះគឺកង្វះតម្លាភាពក្នុងការដោះស្រាយបញ្ហារបស់រដ្ឋាភិបាល ការបំផ្លាញព្រៃឈើដ៏រាលដាន ប្រជាជនត្រូវបានបណ្តេញចេញពីដីរបស់ពួកគេសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី សេរីភាពនៃការបញ្ចេញមតិនិងសកម្មភាពរងការគំរាមកំហែងដោយចំហ។
គាត់មានអារម្មណ៍ថាប្រសិនបើរឿងរ៉ាវរបស់បុគ្គលសំខាន់ៗទាំងនេះមិនត្រូវបានកត់ត្រាទុកទេ, នោះមនុស្សជំនាន់ក្រោយនឹងមិនបានដឹងឡើយ។ ប៉ុន្តែរឿងនេះមិនមែនគ្រាន់តែជារឿងរបស់ប្រជាជនខ្មែរប៉ុណ្ណោះឡើយ។ មេរៀនទាំងនេះក៏អាចអនុវត្តចំពោះប្រទេសជាច្រើនទៀតដែលកំពុងតស៊ូដើម្បីទទួលបានសិទ្ធិមនុស្ស។
ស្វែងរកយុត្តិធម៌នៅកម្ពុជា រៀបរាប់អំពីរឿងរ៉ាវដ៏មានឥទ្ធិពលនៃការតស៊ូដើម្បីនាំយកសិទ្ធិមនុស្សជូនប្រជាជនកម្ពុជាទាំងអស់តាំងពីដើមទសវត្សរ៍ 1990 រហូតដល់បច្ចុប្បន្ននេះ។
អំពីអ្នកជួយវិភាគទាន
ឯកឧត្តមសាស្រ្តាចារ្យ ហ្គារ៉េត អេវ៉ានស៍
អធិការបតី, សាកលវិទ្យាល័យជាតិអូស្ត្រាលី
អតីតរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី
ឯកឧត្តម ហ្គារ៉េត អេវ៉ានស៍ គឺជាកម្លាំងដ៏សំខាន់នៅក្នុងជីវិតនយោបាយអូស្រ្តាលីនិងនៅក្នុងកិច្ចការអន្តរជាតិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងអំឡុងពេល 21 ឆ្នាំនៃនយោបាយអូស្រ្តាលីឯកឧត្តមគឺជារដ្ឋមន្រ្តីខុទ្ទកាល័យរដ្ឋបាលរបស់លោក ហ័គ (Hawke) និង លោក ខីធីង (Keating) ដោយកាន់កាប់តំណែងជាច្រើនជារដ្ឋមន្ត្រីរួមមានរដ្ឋមន្រ្តីការបរទេស។ ពីឆ្នាំ 2000 ដល់ឆ្នាំ 2009 គាត់គឺជាប្រធាននិងអគ្គនាយកអង្គការក្រុមដោះស្រាយវិបត្តិអន្តរជាតិ (International Crisis Group) ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល។ ឯកឧត្តមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ 1991 ដែលបានបង្កើតក្របខ័ណ្ឌសម្រាប់យុគសម័យថ្មីសម្រាប់ប្រទេសកម្ពុជាដែលហែកហួរដោយសង្រ្គាមនិងជាអ្នកគាំទ្រដោយឥតងាករេចំពោះការអភិវឌ្ឍសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា។
លោក ប៊ែន្នី វីដ្យូណូ គឺជាសមាជិកថ្នាក់ដឹកនាំនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) 1990-93 និងតំណាងពិសេសរបស់អង្គការសហប្រជាជាតិនៅកម្ពុជាឆ្នាំ 1994-97។
គាត់គឺជាមេដឹកនាំម្នាក់របស់អ៊ុនតាក់ហើយក្រោយមកបានក្លាយជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ គាត់បានបន្តអាជីពដ៏ល្បីល្បាញរបស់គាត់ជាមួយអង្គការសហប្រជាជាតិដែលបានចាប់ផ្តើមនៅឆ្នាំ 1963 និងបានសរសេរសៀវភៅមួយដែលមានចំណងជើងថា ការរាំនៅក្នុងស្រមោល, អំពីសម័យអ៊ុនតាក់នៅកម្ពុជា។
លោក ធន សារាយ, ស្ថាបនិកនិងជាប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ 1991, សមាគមអាដហុកគឺជាអង្គការសិទ្ធិមនុស្ស ដំបូងគេដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។ គាត់បានតស៊ូដោយមិនខ្លាចនឿយហត់អស់រយៈពេលជាង25ឆ្នាំដើម្បីសម្រេចបាននូវសិទ្ធិមនុស្សសម្រាប់ប្រជាជនកម្ពុជាហើយលោកនៅបន្តការងារនេះរហូតដល់សព្វថ្ងៃ។
លោកស្រី ពុង ឈីវកេក [វេជ្ជបណ្ឌិត កេក ហ្គាឡាប្រ៊ូ (KEK Galabru)] គឺជាស្ថាបនិកនិងជាប្រធាននៃសម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស (លីកាដូ) ដែលលោកស្រីបានបង្កើតឡើងជាលើកដំបូងនៅទីក្រុងប៉ារីសក្នុងឆ្នាំ1991 បន្ទាប់មកនៅកម្ពុជាក្នុងឆ្នាំ 1991។ លោកស្រីត្រូវបានគេតែងតាំងសម្រាប់រង្វាន់ណូបែលសន្តិភាពសម្រាប់ការងាររបស់គាត់។ នៅឆ្នាំ 2016 លោកស្រីបានទទួលពានរង្វាន់ កងពលកិត្តិយសលំដាប់ជាតិ (National Order of the Legion of Honour) ដែលបានប្រគល់ជូនដោយអតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក ហ្វ្រង់ស័រស៍ ហូល្លង់ដ៍។
លោក គល់ បញ្ញា ជានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា [ខុមហ្វ្រែល (COMFREL)] ជាតួនាទីដែលគាត់បានកាន់កាប់តាំងពីឆ្នាំ 1998 មក គាត់បានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីព្យាយាមធ្វើឱ្យការបោះឆ្នោតនៅកម្ពុជាមានលក្ខណៈសេរីនិងយុត្តិធម៌។ លោកបានទទួលពានរង្វាន់ រ៉ូម៉ាន ម៉ាក់សៃសៃ (Ramon Magsaysay Award) ដែលបានទទួលស្គាល់ការងាររបស់គាត់ក្នុងការកសាងសកម្មភាពពលរដ្ឋក្នុងការបោះឆ្នោតនិងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
លោក ឈិត សំអាត ជានាយកប្រតិបត្តិអង្គការមូលនិធិហាការអន្តរជាតិ និងជាអតីតនាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
លោក ឈិត សំអាតគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកដំបូងនៃសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) នៅឆ្នាំ 1991។ លោកមានអាជីពដ៍យូរអង្វែងនិងចំណានខាងសិទ្ធិមនុស្សសម្រាប់ប្រជាជនកម្ពុជារួមទាំងជានាយកប្រតិបត្តិជនជាតិខ្មែរដំបូងគេរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជានាយកប្រតិបត្តិអង្គការមូលនិធិពិភពលោកសម្រាប់ធនធានធម្មជាតិ (WWF)។
លោកស្រី ធីតា ឃឹះ, ស្ថាបនិកនិងនាយកាប្រតិបត្តិនៃអង្គការ សីលការ
លោកស្រី ធីតា ឃឹះ គឺជាស្ថាបនិកនិងនាយកាប្រតិបត្តិនៃអង្គការសីលការដែលជាអង្គការកសាងសមត្ថភាពឈានមុខមួយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីទទួលបានពានរង្វាន់ជាច្រើនសម្រាប់ការងាររបស់លោកស្រី និងជាអគ្គលេខាធិការគណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយនិងជាប្រធាននៃវេទិកាប្រជាជនអាស៊ានប្រចាំកម្ពុជា។ លោកស្រីប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីនៅក្នុងជីវិតនយោបាយនិងសហគមន៍។
ឯកឧត្តម កឹម សុខា, ប្រធានគណបក្សសង្គ្រោះជាតិ
ឯកឧត្តម កឹម សុខា គឺជាមេដឹកនាំគណបក្សប្រឆាំងធំជាងគេបំផុតនៅកម្ពុជាគឺគណបក្សសង្គ្រោះ ជាតិ។ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចូលគោលការណ៍សិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់ព្រះរាជាណាចក្រកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ1990, លោកបានបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ 2006។ គាត់បានដឹកនាំគណបក្សសង្គ្រោះជាតិចាប់តាំងពីខែមីនាឆ្នាំ 2017 ប៉ុន្តែលោកត្រូវបានចាប់ខ្លួននិងចោទប្រកាន់ទោសពីបទក្បត់ជាតិនៅខែកញ្ញា ឆ្នាំ 2017។
ឯកឧត្តម កែវ រ៉េមី, មន្រ្តីរដ្ឋាភិបាលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស
ឯកឧត្តម កែវ រ៉េមី គឺជាសមាជិកម្នាក់នៃគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចហើយលោកធ្លាប់ជាសមាជិករដ្ឋ សភាប្រចាំមណ្ឌលរាជធានីភ្នំពេញរយៈពេលពីរអាណត្តិ។ លោកបានកាន់តួនាទីជាអ្នកនយោបាយតាំងពីឆ្នាំ1998 មក ហើយគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាសិទ្ធិមនុស្ស និងបច្ចុប្បន្នគាត់ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល។
លោក អ៊ូ វីរៈ, ស្ថាបនិកនិងនាយកប្រតិបត្តិនៃវេទិកាអនាគត
លោក អ៊ូ វីរៈ គឺជាស្ថាបនិកនិងនាយកប្រតិបត្តិនៃវេទិកាអនាគតដែលជាធនាគារគំនិតឯករាជ្យមួយដោយបង្កើតគំនិតថ្មីៗសម្រាប់អនាគតរបស់ប្រទេសកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ 2015។ លោកគឺជាអតីតប្រធាននិងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយលោកមានអាជីពជាអ្នកតស៊ូដ៏ស្វិតស្វាញដើម្បីសិទ្ធិមនុស្សនៅកម្ពុជា។
ព្រះតេជគុណ លួន សុវ៉ាត, ព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្ស
ព្រះតេជគុណ លួន សូវ៉ាត គឺជាព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សនៅកម្ពុជា។ ព្រះតេជគុណបានក្លាយជាសម្លេងតែមួយគត់នៅក្នុងព្រះពុទ្ធសាសនានៅកម្ពុជាដែលផ្តល់ការគាំទ្រដល់ប្រជាជនដែលត្រូវគេបណ្តេញចេញពីលំនៅដ្ឋាននិងដីធ្លីរបស់ពួកគេដោយបង្ខំ។ ព្រះអង្គបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីស្ថានភាពរបស់ប្រជាជនដែលត្រូវបានគេរឹបអូសនិងបណ្តេញចេញ ពីដីធ្លីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
លោក ម៉ម សូណង់ដូ, ស្ថាបនិកនិងអ្នកផ្សាយវិទ្យុសំបុកឃ្មុំ
លោក ម៉ម សូណង់ដូ គឺជាអ្នកផ្សាយវិទ្យុឯករាជ្យដ៏ល្បីល្បាញនិងមានការគោរពម្នាក់នៅកម្ពុជា។ គាត់មានចំណាប់អារម្មណ៍ខ្លាំងលើបញ្ហាសិទ្ធិមនុស្សហើយគាត់ត្រូវបានគេដាក់គុកបីដងដោយសារតែទស្សនៈរបស់ខ្លួនចំពោះរដ្ឋាភិបាល ហ៊ុន សែន, ក្នុងឱកាសចុងក្រោយគាត់ត្រូវបានគេផ្តន្ទាទោសឱ្យជាប់គុក 20 ឆ្នាំ គឺនៅឆ្នាំ 2012, មុនពេលគាត់ត្រូវបានដោះលែងដោយសារតែសម្ពាធពីអន្តរជាតិ។ គាត់បានបង្កើតនិងដំណើរការវិទ្យុសំបុកឃ្មុំដែលជាវិទ្យុមួយក្នុងចំណោមវិទ្យុដែលមានអ្នកស្តាប់ច្រើនបំផុតនៅកម្ពុជា។
លោកស្រី ចក់ សុភាព, នាយកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកស្រី ចក់ សុភាព គឺជានាយកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាអង្គការសិទ្ធិមនុស្សឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានកាន់តួនាទីនេះតាំងពីឆ្នាំ 2014 នៅពេលនោះគាត់មានអាយុម្ភៃប្រាំបួនឆ្នាំ ហើយជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមមេដឹកនាំអង្គការសិទ្ធិមនុស្សជំនាន់ថ្មី។ ការងាររបស់គាត់ត្រូវបានទទួលស្គាល់ដោយអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក អូបាម៉ា។
លោក អំ សំអាត, ប្រធានផ្នែកតាមដាននៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស (លីកាដូ)
លោក អំ សំអាត គឺជាប្រធានផ្នែកតាមដាននៃអង្គការលីកាដូ ដែលអនុវត្តសកម្មភាពគាំទ្រសិទ្ធិមនុស្សជាច្រើននៅក្នុងសហគមន៍។ គាត់ចូលរួមក្នុងការតវ៉ាទាក់ទងបញ្ហាដីធ្លីហើយធ្វើការដើម្បីការពារសុខភាពនិងសុខុមាលភាពរបស់ប្រជាជនដែលត្រូវបានបណ្តេញចេញពីដីរបស់ពួកគេទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា។ គាត់ក៏ចូលរួមផងដែរនៅក្នុងកម្មវិធីដើម្បីគាំទ្រដល់ជនរងគ្រោះពីការធ្វើទារុណកម្មនិងជនរងគ្រោះផ្នែកបញ្ហាសុខភាពនិងសង្គម។
លោកស្រី ម៉ាក ចន្ទស៊ីថា, អ្នកសម្របសម្រួលសមាគមមណ្ឌលព័ត៌មានកម្មករ
បច្ចុប្បន្នលោកស្រី ម៉ាក ចន្ទស៊ីថាគឺជាអ្នកសម្របសម្រួលសមាគមមណ្ឌលព័ត៌មានកម្មករដែលតស៊ូមតិឱ្យមានការកែលម្អលក្ខខណ្ឌការងារសម្រាប់កម្មកររោងចក្រកាត់ដេរដែលជាឧស្សាហកម្មនាំចេញដ៏សំខាន់របស់កម្ពុជា។ លោកស្រីក៏ធ្លាប់កាន់តួនាទីក្នុងការកសាងសន្តិភាពនិងបម្រើការនៅក្នុងប្រទេសមីយ៉ាន់ម៉ាឱ្យមជ្ឈមណ្ឌលសិក្សាសន្តិភាពនិងទំនាស់។ គាត់ប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវតូនាទីរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ទេព វន្នី, ប្រជាជនដែលត្រូវបានគេបណ្តេញចេញពីដីធ្លីនៅតំបន់បឹងកក់
ជំពូកនេះរួមបញ្ចូលទាំងបទសម្ភាសន៍ដែលខ្ញុំបានធ្វើជាមួយអ្នកស្រី ទេព វន្នី នៅពេលគាត់នៅជាអ្នកទោសនៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ។ ករណីរបស់គាត់ត្រូវបានអន្តរជាតិដឹងឮ។ សហគមន៍របស់គាត់ដែលស្តិតនៅក្នុងក្រុងភ្នំពេញត្រូវបានគេចេញសេចក្តីជូនដំណឹងបណ្តេញចេញនៅពេលដែលដីរបស់ពួកគេត្រូវបានប្រគល់ដោយរដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយនៅឆ្នាំ 2007។ គ្មានស្ត្រីណាម្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវបានចាប់ខ្លួននិងជាប់គុកញឹកញាប់ជាងអ្នកស្រី ទេព វន្នី ឡើយ។ នៅឆ្នាំ 2016 គាត់ត្រូវបានកាត់ទោសឱ្យជាប់គុក30 ខែ ហើយគាត់បានរងការឈឺចាប់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរកម្ពុជា។ នៅទីបំផុតគាត់ត្រូវបានដោះលែងបន្ទាប់ពីការបោះឆ្នោតទូទៅខែកក្កដា ឆ្នាំ2018។
លោកស្រីបណ្ឌិត រ៉ូណា ស្មីត, អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
អស់រយៈពេលជាង 20 ឆ្នាំ, បណ្ឌិត រ៉ូណា ស្មីត បានផ្តោតលើការងារស្រាវជ្រាវ ការបង្រៀន និងការកសាងសមត្ថភាពលើសិទ្ធិមនុស្ស។ បច្ចុប្បន្នលោកស្រីគឺជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិនៅសាកលវិទ្យាល័យញីវខាសល (Newcastle) នៃចក្រភពអង់គ្លេស។ លោកស្រីធ្លាប់បានធ្វើការនៅកម្ពុជាមុនពេលគាត់ទទួលតួនាទីបច្ចុប្បន្ន ហើយគាត់បានបោះពុម្ពស្នាដៃជាច្រើនអំពីសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសមិនទទួលបានប្រាក់ខែពីអង្គការសហប្រជាជាតិឬនរណាម្នាក់សម្រាប់ការងាររបស់ពួកគេឡើយនិងពួកគេមានឯករាជ្យភាពទាំងស្រុង។
អំពីអ្នកនិពន្ធ
លោកស្រី ស៊ូ ខូហ្វហ្វី
លោកស្រី ស៊ូ ខូហ្វហ្វី គឺជាអ្នកនិពន្ធនិងអ្នកឯកទេសខាងទំនាក់ទំនងដែលបានធ្វើការក្នុងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នមិនស្វែងរកប្រាក់ចំនេញ។ លោកស្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនិងបទពិសោធន៍នៅក្នុងបញ្ហាសិទិ្ធមនុស្សដោយបានធ្វើការផ្នែកទំនាក់ទំនងក្នុង វិស័យនេះទាំងនៅក្នុងប្រទេសអូស្រ្តាលីនិងបរទេស។ ពីឆ្នាំ 2012 ដល់ 2013 លោកស្រីបានធ្វើការនៅប្រទេសកម្ពុជាសម្រាប់កម្មវិធីជំនួយក្រៅប្រទេសរបស់រដ្ឋាភិបាលអូស្រ្តាលីដែលជាទីប្រឹក្សាផ្នែកទំនាក់ទំនងនៃវេទិកានៃអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជាដែលជាអង្គការកំពូលមួយនៅរាជធានីភ្នំពេញធ្វើការដើម្បីសិទ្ធិមនុស្សសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ បន្ទាប់មកលោកស្រីបានផ្លាស់ទៅប្រទេសមីយ៉ាន់ម៉ាដោយបានធ្វើជាទីប្រឹក្សាផ្នែកទំនាក់ទំនង ជាមួយកម្មវិធីកំណែទម្រង់ការអប់រំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារហូតដល់ឆ្នាំ 2015។ តួនាទីទាំងអស់ដែលលោកស្រីបានធ្វើការបានបង្រៀនគាត់ពីសារៈសំខាន់នៃការធ្វើការឆ្ពោះទៅរកពិភពលោកដែលមានយុត្តិធម៌និងសមធម៌ដែលមនុស្សទាំងអស់អាចមានសិទ្ធិមនុស្សនិងការចែក ចាយធនធានប្រកបដោយយុត្តិធម៌។